ក្រុមឈ្មួញសម្រុកកាប់បំផ្លាញព្រៃលិចទឹកយកធ្វើសម្រាស់នៅភូមិពាមឆ្កោក ខណៈអាជ្ញាធរស្ងៀមស្ងាត់មិនបង្ក្រាប

អអេហ្វអិន
បញ្ចូលដោយ -
(ខេត្តកំពង់ឆ្នាំង) ៖ ករណីបំផ្លាញធនធនធម្មជាតិនៅខេត្តកំពង់ឆ្នាំងកំពុងចាប់ផ្ដើម ដោយមានការកាប់បំផ្លាញព្រៃលិចទឹក ដើម្បីយកមកធ្វើសម្រាសហ៊ុំព័ទ្ធដើម្បីចាប់យកត្រីរាប់ពាន់ដុំតែម្ដង ដោយសកម្មភាពនេះចាប់ផ្តើមពីភូមិពាមឆ្កោកស្រុកជល់គិរី រហូតដល់ក្រុងកំពង់ឆ្នាំង ស្រុកកំពង់លែង សំរោង ប្រឡាយមាស អន្លង់កញ្ចុះ នេះបើតាមប្រភពព័ត៌មានដែលអង្គភាពសារព័ត៌មាន «អអេហ្វអិន» ទទួលបាននៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។


យោងតាមប្រភពព័ត៌មាន ដែលអង្គភាពសារព័ត៌មាន «អអេហ្វអិន» ទទួលបានឲ្យដឹងថា មានឈ្មួញគ្រាក់ៗមានលុយមានអំណាចក្នុងតំបន់ បានធ្វើជាមេឈ្មួញទិញត្រី ព្រមទាំងបានផ្ដល់មធ្យោយបាយជាសម្ភារៈផ្សេងៗដើម្បីប្រព្រឹត្តបទល្មើសក្នុងការកាប់ព្រៃលិចទឹក និងដាក់សម្រាសយកត្រីទៀតផង។ ក្រុមឈ្មួញទាំងនោះ ធានាក្នុងការត់ការផ្សេងៗ ដើម្បីងាយស្រួលដាក់យកត្រីក្នុងរដូវបិទការនេសាទ ហើយហាមប្រាមប្រជានេសាទ មិនឲ្យចូលនេសាទជាលក្ខណៈគ្រួសារទាល់តែសោះ។

ពាក់ព័ន្ធនឹងករណីនេះផងដែរ គេហាក់ដូចជាមិនឃើញមានការបង្ក្រាបពីសំណាក់លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំងទាល់តែសោះ សូម្បីតែក្នុងមូលដ្ឋានផ្ទាល់លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង លោក តាក់ សីហាក់ នាយផ្នែករដ្ឋបាលជលផលផ្សារឆ្នាំង ហាក់មិនបង្ក្រាប់ទាល់តែសោះ ឬមានអ្វីពីក្រោយខ្នងទេដឹង។ ទោះបីជាមានការផ្សាយ និងថ្នាក់ដឹកនាំដាក់បទបញ្ជាយ៉ាងណាក៏ដោយ បញ្ហាបទល្មើសនៅតែកើតមានឡើងយ៉ាងគំហុក មិនមែនលក្ខណៈខ្នាតតូចនោះទេ។

សូមជម្រាបជូនថា កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្ដរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្ដេចធិបតីបានរំលឹកជាថ្មីដល់មន្ដ្រី និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវតែការពារឲ្យបានជាដាច់ខាត ដើម្បីការពារកិត្តិនាមបឹងទន្លេសាប ដែលជាបឹងទឹកសាបជាងគេនៅលើពិភពលោក។ 

សម្ដេចធិបតីក៏បានអំពាវនាវប្រជាពលរដ្ឋដែលរស់នៅតំបន់២ និងតំបន់១ ដែលទទួលបានសិទ្ធិអាស្រ័យផលហើយនោះ ត្រូវបន្ដអាស្រ័យផលលើដីដែលខ្លួនទទួលបាន ហើយត្រូវបន្ដថែរក្សាអ្វីដែលបានចែកជូន ដោយមិនត្រូវទន្ទ្រាន និងបំពានទៅតំបន់ដែលអភិរក្សនោះទេ។ សម្ដេចបានអះអាងថា ការការពារនេះ គឺដើម្បីធានានិរន្ដរ៍រយៈពេលវែង មិនមែនរយៈពេលខ្លីឡើយ៕














#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Ok, Go it!