នាយករដ្ឋមន្រ្តីកម្ពុជាសាទរចំពោះក្រុមហ៊ុនបារាំងក្នុងការបង្កើតគម្រោងសារមន្ទីរនិម្មិតបច្ចេកវិទ្យា3Dដំបូង នៅកម្ពុជា

អអេហ្វអិន
បញ្ចូលដោយ -


ភ្នំពេញ÷ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសស្វាគមន៍ និងសាទរចំពោះ ក្រុមហ៊ុនរបស់បារាំងមួយដែលមានឈ្មោះថា Puy Du Fou គម្រោង «Immersive Angkor» ដែលជាសារ មន្ទីរនិម្មិតបច្ចេកវិទ្យា3Dដំបូងគេបង្អស់នៅកម្ពុជា ដោយគម្រោងនេះនឹងបំពេញបន្ថែមលើវិស័យទេសចរណ៍ ក្រៅពីការទស្សនាប្រាង្គប្រាសាទបុរាណ និងតំបន់វប្បធម៌នានានៅកម្ពុជា ហើយគម្រោងនេះគ្រោងនឹងចាប់ផ្ដើមនាពេឆាប់ៗខាងមុខនេះផងដែរ។


ការប្រកាសស្វាគមន៍របស់សម្តេចនាយករដ្ឋមន្រ្តីនេះ គឺបានធ្វើឡើងក្នុងឱកាសដែលសម្តេច បានអនុញ្ញាតឱ្យលោក Geoffrey LADET នាយកប្រតិបត្តិក្រុមហ៊ុន Puy Du Fou ប្រចាំទ្វីបអាស៊ី ចូលជួបសម្តែងការគួរសមនាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះនៅទីក្រុងប៉ារីស ប្រទេសបារាំង។


សម្តេចធិបតី នាយករដ្ឋមន្រ្តីបានបង្ហាញនូវការគាំទ្រ ព្រមទាំងបានគូសបញ្ជាក់ថា “Immersive Angkor”នេះជាគម្រោងដ៏ល្អប្រសើរ ដែលនឹងជួយពង្រីកការយល់ដឹងដល់យុវជនកម្ពុជា ជាពិសេស យុវជនជំនាន់ក្រោយឱ្យយល់ច្បាស់បន្ថែមទៀតអំពីវប្បធម៌ និងអរិយធម៌ខ្មែរ ដោយប្រើពេលវេលាខ្លី ហើយអាចងាយស្រួលយល់សម្រាប់មជ្ឈដ្ឋានទូទៅជាដើម។


នៅក្នុងជំនួបនោះដែរ លោក Geoffrey LADETបានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបអំពីវឌ្ឍនភាពរីកចម្រើននៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន Puy Du Fou Asia នៅក្នុងប្រទេសកម្ពុជា និងជម្រាបអំពីគម្រោង “Immersive Angkor” ដែលជាគម្រោងប្រកបដោយលក្ខណៈវិទ្យាសាស្រ្ត ដោយប្រើប្រាស់ប្រព័ន្ធ 3D Data Scanning សម្រាប់បង្ហាញ និងផ្តល់ចំណេះដឹងអំពីវប្បធម៌នៅកម្ពុជា។


លោកបញ្ជាក់បន្ថែមទៀតថា គម្រោង “Immersive Angkor” គឺជាសេវាបំពេញបន្ថែមលើវិស័យទេសចរណ៍ ក្រៅពីការទស្សនាប្រាង្គប្រាសាទបុរាណ និងតំបន់វប្បធម៌នានានៅកម្ពុជា ហើយគម្រោងនេះគ្រោងនឹងចាប់ផ្ដើមនាពេឆាប់ៗខាងមុខនេះ៕


អត្ថបទ ÷ បាន ចក់

ពាក្យគន្លឹះ:

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Ok, Go it!