ទីតាំងឡូតូអនឡាញខុសច្បាប់ដុះស្លែយូឆ្នាំណាស់មកហើយ ស្ថិតនៅសង្កាត់ចោមចៅ១ មិនទាន់មានការបង្ក្រាបទាល់តែសោះ

អអេហ្វអិន
បញ្ចូលដោយ -

(ភ្នំពេញ) ៖ បច្ចុប្បន្នជាកង្វល់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ចោមចៅ១ គឺជាបទល្មើសល្បែងស៊ីសង (ទីតាំងឡូតូ) ដែលតែងតែបង្កនូវហានិភ័យជាច្រើនចេញពីប្រភពល្បែងស៊ីសងទាំងនោះ តួយ៉ាងដូចជាល្បែងស៊ីសងស្ថិតនៅទីតាំងខាងលើ ស្ថិតនៅភូមិត្រពាំងថ្លឹងទី១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ  បានបើកលេងយ៉ាងគគ្រឹកគគ្រេង ដោយគ្មានអាជ្ញាធរ ឬសមត្ថកិច្ចចុះធ្វើការបង្ក្រាបទាល់តែសោះ នេះបើតាមប្រភពព័ត៌មានដែលអង្គភាពព័ត៌មាន «អអេហ្វអិន» បានទទួលនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤នេះ។


យោងតាមប្រភពព័ត៌មាន ដែលអង្គភាពព័ត៌មាន «អអេហ្វអិន» បានទទួលឲ្យដឹងថា ៖ ទីតាំងបទល្មើសល្បែងស៊ីសង (ទីតាំងឡូតូ)មួយនេះ បានបើកលួចលាក់បង្កប់ជាយូណាស់មកហើយ ដោយមានការដាក់លុយយ៉ាងច្រើនសន្ធឹកសន្ធាប់របស់អ្នកញៀនល្បែងទូហ្គេមបាញ់ត្រី ដែលមិនត្រឹមត្រូវតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យមជ្ឈដ្ឋានទូទៅមានចម្ងល់ហេតុអ្វីអាចដំណើរការយ៉ាងរលូនបែបនេះ ឬមានអ្នកធំណានៅពីក្រោយឬយ៉ាងណា? មូលដ្ឋានសង្កាត់ចោមចៅ១នេះ ពលរដ្ឋយល់ថា បើបើកលេងល្បែងមានទីតាំងខ្នាតធំបែបនេះ គឺពិតជាមិនធម្មតានោះទេ ប្រាកដជាមានអ្នកធំ ឬអ្នកមានអំណាចណាម្នាក់នៅក្រោយខ្នងហើយមើលទៅ។


កាលឆ្នាំកន្លងកន្លងទៅប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ អតីតនាយករដ្ឋមន្ដ្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានមានប្រសាសន៍ដោយបានថ្លែងសារជាសម្លេងបញ្ជាទៅអភិបាលរាជធានី-ខេត្ត និងនគរបាល ឱ្យបិទរាល់ហាងកាហ្វេ ហាងគុយទាវ និងគ្រប់ទីតាំងទាំងអស់ដែលបើកឱ្យមានលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ តាមមូលដ្ឋានរបស់ខ្លួន ខណៈអភិបាលរាជធានី-ខេត្ត ឬមន្ត្រីនគរបាលណាដែលមិនបានអនុវត្តតួនាទីរបស់ខ្លួន ត្រូវដកតំណែងតែម្ដង។ 


នៅរាជរដ្ឋាភិបាលថ្មីអាណត្ដិទី៧នេះ ប្រជាពលរដ្ឋសង្ឃឹមថា អភិបាលរាជធានី ខេត្ត និងនគរបាល នឹងស្ដាប់ដំបូន្មានរបស់ថ្នាក់ដឹកនាំ ជាពិសេស អាចបង្ក្រាបល្បែងស៊ីសងក្នុងមូលដ្ឋានបានដោយរលូន និងមិនក្លាចអំណាចរបស់អ្នកមានអំណាចណាម្នាក់បន្ដទៀតទេ ព្រោះកាលណាមានល្បែងស៊ីសង បទល្មើសក្នុងភូមិឃុំទាំង៩ចំណុច ប្រាកដជាកើតមានជាក់ជាពុំខានឡើយ៕

 






#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Ok, Go it!