ជំនួយការសម្ដេចតេជោ២រូប លោក កែវ ផុង និង លោក គង់ លីវ៉ា ចុះធ្វើការជាមួយអភិបាលខេត្តព្រះវិហារដោះស្រាយវិវាទដីធ្លីជូនមន្ដ្រីយោធា និងប្រជាពលរដ្ឋ១៣គ្រួសារនៅស្រុកគូលែន ប្រកបដោយភាពជោគជ័យ

អអេហ្វអិន
បញ្ចូលដោយ -

(ព្រះវិហារ) ៖ បន្ទាប់ពីមានករណីវិវាទដីធ្លី រវាងក្រុមគ្រួសារមន្ដ្រីយោធា និងប្រជាពលរដ្ឋប្រមាណ១៣គ្រួសារ ជាមួយបុគ្គលឈ្មោះ ឃុត វី ស្ថិតនៅភូមិសំបូរ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ត្រូវបានដោះស្រាយប្រកបដោយភាពជោគជ័យ ដោយមានការសម្របសម្រួលពីសំណាក់ផ្ទាល់ដោយតំណាងសម្ដេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចេញមុខដោះស្រាយដោយផ្ទាល់។



បន្ទាប់ពីទទួលបានព័ត៌មានពាក់ព័ន្ធជម្លោះដីធ្លីខាងលើនេះ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៧ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាជំនួយការពីររូប គឺលោក កែវ ផុង និងលោក គង់ លីវ៉ា ចុះទៅកាន់ខេត្តព្រះវិហារ ធ្វើការងារជាមួយលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដើម្បីស្រាវជ្រាវលំអិតទៅលើបញ្ហាខាងលើ។


លោក គីម រិទ្ធី បានអញ្ជើញគ្រួសារយោធាន និងប្រជាពលរដ្ឋទាំង១៣គ្រួសារ ដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុនមកជួបជជែកពិភាក្សាដោយផ្ទាល់។ បន្ទាប់ពីជជែក និងសាកសួរព័ត៌មានលំអិហើយនោះ លោកអភិបាលខេត្ត បានធានាអះអាងទៅកាន់គ្រួសារយោធា និងប្រជាពលរដ្ឋទាំង១៣គ្រួសារ នឹងមិនឱ្យមានអនុវត្តន៍ផ្លូវច្បាប់ណាមួយលើពួកគាត់ ហើយក៏នឹងរិះរកវិធីបញ្ចប់រឿងក្តីទាំងឡាយជាមួយក្រុមហ៊ុនផងដែរ។ បន្ថែមពីលើនោះ លោកអភិបាលខេត្ត ក៏បានអះអាងដែរថា នឹងជជែកជាមួយអាជ្ញាធរពាក់ព័ន្ធ ក៏ដូចជាភាគីក្រុមហ៊ុន ដើម្បីកាត់ឆ្កៀលដីមានវិវាទជូនប្រជាពលរដ្ឋ ហើយឈានទៅធ្វើប្លង់រឹងជូនពួកគាត់។


តំណាងឱ្យប្រជាពលរដ្ឋមានបញ្ហាដីធ្លីខាងលើនេះ លោកអនុសេនីយ៍ត្រី រ័ត្ន ទីណា មន្ត្រីយោធាបម្រើការ កងការពារឃ្លាំងចំណុះយោធិភូមិភាគទី៤ បានបង្ហាញក្តីត្រេកអរជាពន់ពេកបន្ទាប់ពីទទួលបានដំណោះស្រាយមួយល្អប្រសើរ ដោយបានដីត្រឡប់មកវិញ ហើយមិនប្រឈមទោសទណ្ឌ។


លោកអនុសេនីយ៍ត្រី រ័ត្ន ទីណា បានគោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត យ៉ាងជ្រាលជ្រៅបំផុត។ លោកអនុសេនីយ៍ត្រី រ័ត្ន ទីណា បានចាត់ទុកសម្តេចតេជោ និងសម្តេចធិបតី ជាមេដឹកនាំឈរនៅខាងប្រជាពលរដ្ឋ និងតម្កល់សុខទុក្ខប្រជាពលរដ្ឋជាចម្បង រាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋមិនដែលរំលងសម្តេចនោះឡើយ។


លោកអនុសេនីយ៍ត្រី រ័ត្ន ទីណា ក៏បានថ្លែងអំណរគុណលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដែលបានខ្នះខ្នែង និងសម្របសម្រួលដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់ និងជួយឱ្យពួកគាត់បានត្រឡប់មកផ្ទះសម្បែងវិញ៕




















#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Ok, Go it!